កាលបរិច្ឆេទ: ០៩ មករា ២០២៥ / សុខភាព / Author : ATH Sokren
ដើម្បីទទួលបានជោគជ័យនៅក្នុងជំនួញ ចាំបាច់ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានមធ្យោបាយសមស្រប និងចេះឆក់យកឱកាសល្អ។ នេះគឺជាសេចក្តីពន្យល់របស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលក្នុងសន្និសីទសេដ្ឋកិច្ចស្តីពី «ចាប់ផ្តើមបែបគ្រួសារ ធំធាត់បែបស្តង់ដារ» រៀបចំឡើងដោយ Business Cambodia នៅផ្សារទំនើបជីប ម៉ុង កាលពីថ្ងៃទី៨ ធ្នូកន្លងទៅនេះ។
នៅចំពោះមុខអ្នកចូលរួមប្រមាណជាងមួយរយនាក់ ដែលជាអាជីវករជើងចាស់ និងជើងថ្មី លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានគូសបញ្ជាក់ថា បើគ្រាន់តែមានបំណងចង់បើកសហគ្រាសមិនគ្រប់គ្រាន់ទេ គឺត្រូវមានចក្ខុវិស័យច្បាស់លាស់ថាតើផលិតផលប្រភេទណាដែលយើងចង់ផលិត និងត្រូវចេះទាញចំណេញពីចំណុចខ្លាំងរបស់ផលិតនោះ។ លោកបានលើកឧទាហរណ៍ជាក់ស្តែងទាក់ទងនឹងបទពិសោធផ្ទាល់ខ្លួន។ កាលពីលោកនៅអាយុ៣៦ឆ្នាំ លោកបានដឹងថាខ្លួនពូកែខាងច្នៃប្រឌិត លោកក៏ផ្តោតសំខាន់ទៅលើការបង្កើតផលិតផលថ្មីចែស ជាជាងការចម្លងតាមគំនិតអ្នកផ្សេង។
លោកឧកញ៉ាឱសថបណ្ឌិតសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការកំណត់គោលដៅរយៈពេលវែង និងការរិះគិតរកមធ្យោបាយបែបណាដែលអាចនាំឱ្យយើងអាចសម្រេចគោលដៅបានឆាប់រហ័ស។ ប៉ុន្តែ លោកក៏បានគូសបញ្ជាក់ផងដែរថា បើគ្មានឱកាសល្អទេ លោកក៏ពិបាកនឹងសម្រេចគោលបំណងបានដែរ។
បន្ទាប់មក លោកក៏បានរៀបរាប់ពីប្រវត្តិរបស់លោក។ នៅឆ្នាំ១៩៩២ លោកមានបំណងចង់ជួយប្រទេសជាតិរបស់ខ្លួនដែលទើបតែងើបពីសង្រ្គាមស៊ីវិលដែលអូសបន្លាយអស់រយៈពេលជិត៣០ឆ្នាំ ដូច្នេះលោកក៏បានសម្រេចចិត្តចូលមកស្រុកកំណើតវិញ ដើម្បីយកអំណោយជាថ្នាំពេទ្យមកចែកចាយ។ ដោយមានជំនាញផ្នែកឱសថសាស្រ្ត និងកេរដំណែលពីថ្នាំគីណាល់ លោកក៏បានបង្កើតសហគ្រាសផលិតឱសថប៉េប៉េអឹមនៅឆ្នាំ១៩៩៦។ ចំណែកឯគម្រោងបង្កើតក្រុមហ៊ុនខនហ្វីរេលដែលតាមពិតទៅ លោកបានគ្រោងទុកតាំងពីឆ្នាំ១៩៨០ មកនោះ ក៏បានលេចជារូបរាងឡើងនៅឆ្នាំ២០០១ នៅពេលដែលកាលៈទេសៈអំណោយផល។
កម្មវិធីសំណួរចម្លើយក្រោយពីកិច្ចអន្តរាគមន៍ចប់ ត្រូវបំព្រួញឱ្យខ្លីដោយសារតែអ្នករៀបចំកម្មវិធីកំណត់ត្រឹមតែ៦០នាទីប៉ុណ្ណោះ៕